Sir Alex ត្រឡប់មកធ្វើជាទីប្រឹក្សាក្រុមបិសាចក្រហម Man Utd
Sir Alex Ferguson អតីតអ្នកចាត់ការក្រុមដ៏ល្បីរបស់ក្រុមបិសាចក្រហម Manchester United បានទទួលការតែងតាំងជាទីប្រឹក្សាក្លឹប ដើម្បីជួយផ្តល់យុទ្ធសាស្ត្រល្អៗដល់អ្នកចាត់ការបណ្តោះអាសន្នថ្មី Ole Gunnar Solskjaer ដែលទើបឡើងដឹកនាំក្រុមជំនួស Jose Mourinho កាលសប្តាហ៍មុន។
Solskjaer ដែលធ្លាប់ជាកូនក្រុម Sir Alex ម្នាក់ដែរ បានទាក់ទងអតីតគ្រូរបស់ខ្លួនភ្លាមៗមកធ្វើជាទីប្រឹក្សារបស់ខ្លួន ដែលនេះជាអ្វីដែល Jose Mourinho មិនបានធ្វើ ខណៈដែល Sir Alex ក៏បានស្នើសុំអតីតជំនួសការរបស់លោកគឺ Mike Phelan វ័យ៥៦ឆ្នាំ មករួមការងារផងដែរ ហើយអតីតអ្នកចាំទី Peter Schmeichel ធ្វើជានាយកបាល់ទាត់របស់ក្លឹប។
បុរសសញ្ជាតិស្កុតឡែន Sir Alex ដែលនឹងឈានដល់វ័យ៧៧ឆ្នាំ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ទើបតែជាពីការវះកាត់ខួរក្បាល កាលខែឧសភា ហើយលោកតែងតែមកទស្សនាការប្រកួតរបស់ក្រុម Man Utd ផ្ទាល់ជាញឹកញាប់ ព្រោះក្រុមបិសាចក្រហម តែងតែស្ថិតនៅក្នុងបេះដូងរបស់លោក ទោះបីជាលោកចាកចេញពីតំណែងអ្នកចាត់ការក្រុម ជាច្រើនឆ្នាំមកហើយក៏ក្តី៕
ប្រភពបន្តពី ៖ Sportrefresh
0 Comments